រុស្ស៊ី ( ភាសារុស្ស៊ី ៖ Россия) មានឈ្មោះផ្លូវការ "សហព័ន្ធរុស្ស៊ី" គឺជាប្រទេសមួយនៅផ្នែកខាងជើង អឺរ៉ាស៊ី ( អាស៊ី និង អឺរ៉ុប រួមគ្នា) ជាសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយម មាន ៨៣ ប្រធានវិស័យសហព័ន្ធ។ រុស្ស៊ី មានព្រំដែនរួមជាមួយប្រទេសមួយចំនួន (ពីប៉ែកពាយព្យទៅអាគ្នេយ៍) ដូចជា ៖ ន័រវែស ហ្វាំងឡង់ អេស្តូនី ឡេតូនី លីទុយអានី (ជាប់ Kaliningrad Oblast) ប៉ូឡូញ (ជាប់ Kaliningrad Oblast) បេឡារុស្ស៊ី អ៊ុយក្រែន ហ្សកហ្ស៊ី អាហ្សែបៃហ្សង់ កាហ្សាក់ស្ថាន ចិន ម៉ុងហ្គោល និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង)។ រុស្ស៊ី ក៏មានព្រំដែនទឹកជាមួយប្រទេស ជប៉ុន ( សមុទ្រអុកហុតស្គ៍ ) សាធារណរដ្ឋកូរ៉េ ( សមុទ្រជប៉ុន ) ស៊ុយអែត ( សមុទ្របាល់ទិក ) តួកគី ( សមុទ្រខ្មៅ ) និង សហរដ្ឋអាមេរិក ( ច្រកសមុទ្រប៊េរីង )។ រុស្ស៊ី ជាប្រទេសធំជាងគេបំផុត មានផ្ទៃដី ១៧.០៧៥.៤០០ គីឡូម៉ែត្រក្រឡា ដែលធំជាង ១/៨ នៃផ្ទៃដី ពិភពលោក និងមានប្រជាជនប្រមាណ ១៤២ លាននាក់ ច្រើនជាងគេចំណាត់ថ្នាក់ទី៩ លើពិភពលោក។ ប្រទេសនេះ បានលាតសន្ធឹងលើទ្វីប អ...