រុស្ស៊ី (ភាសារុស្ស៊ី ៖ Россия) មានឈ្មោះផ្លូវការ "សហព័ន្ធរុស្ស៊ី" គឺជាប្រទេសមួយនៅផ្នែកខាងជើងអឺរ៉ាស៊ី (អាស៊ី និងអឺរ៉ុបរួមគ្នា) ជាសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយម មាន ៨៣ ប្រធានវិស័យសហព័ន្ធ។ រុស្ស៊ី មានព្រំដែនរួមជាមួយប្រទេសមួយចំនួន (ពីប៉ែកពាយព្យទៅអាគ្នេយ៍) ដូចជា ៖ ន័រវែស ហ្វាំងឡង់ អេស្តូនី ឡេតូនី លីទុយអានី (ជាប់ Kaliningrad Oblast) ប៉ូឡូញ (ជាប់ Kaliningrad Oblast) បេឡារុស្ស៊ី អ៊ុយក្រែន ហ្សកហ្ស៊ី អាហ្សែបៃហ្សង់ កាហ្សាក់ស្ថាន ចិន ម៉ុងហ្គោល និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង)។ រុស្ស៊ី ក៏មានព្រំដែនទឹកជាមួយប្រទេសជប៉ុន (សមុទ្រអុកហុតស្គ៍) សាធារណរដ្ឋកូរ៉េ (សមុទ្រជប៉ុន) ស៊ុយអែត (សមុទ្របាល់ទិក) តួកគី (សមុទ្រខ្មៅ) និងសហរដ្ឋអាមេរិក (ច្រកសមុទ្រប៊េរីង)។ រុស្ស៊ី ជាប្រទេសធំជាងគេបំផុត មានផ្ទៃដី ១៧.០៧៥.៤០០ គីឡូម៉ែត្រក្រឡា ដែលធំជាង ១/៨ នៃផ្ទៃដីពិភពលោក និងមានប្រជាជនប្រមាណ ១៤២ លាននាក់ ច្រើនជាងគេចំណាត់ថ្នាក់ទី៩ លើពិភពលោក។ ប្រទេសនេះ បានលាតសន្ធឹងលើទ្វីបអាស៊ីភាគខាងជើងទាំងមូល និង ៤០% នៃទ្វីអឺរ៉ុប ដែលមាន ១១ ល្វែងម៉ោង។ រុស្ស៊ី គឺជាប្រទេសដែលបម្រុងធនធានរ៉ែខនិជ និងថាមពល ធំជាងគេលើពិភពលោក និងត្រូវបានសន្មតថាជាមហាអំណាចផុតលេខខាងថាមពល។ ប្រទេសនេះ ក៏ជាដែលមានព្រៃឈើច្រើនជាងគេ និងបឹងជាច្រើន ដែលមានទឹកសាបដែលមិនកក ប្រហែល ១/៤ នៃទឹកសាបដែលមិនកក លើពិភពលោក។
ប្រវត្តិនៃជាតិសាសន៍នេះ បានចាប់ផ្ដើមពីអម្បូរស្លាវខាងកើត ដែលត្រូវបានកកើតឡើង ដោយមានការទទួលស្គាល់ថាជាពូជសាសន៍មួយនៅអឺរ៉ុប រវាងសតវត្សទី៣ និងទី៨ នៃគ្រិស្តសករាជ ដែលបានស្ថាបនា និងគ្រប់គ្រងដោយវណ្ណៈអភិជនអ្នកចម្បាំងដ៏ខ្លាំងពូកែ និងខ្សែសន្តានរបស់ពួកគេ។ រដ្ឋស្លាវខាងកើតដំបូងបង្អស់គឺ Kievan Rus' បានលេចឡើងនៅសតវត្សទី៩ និងទទួលលទ្ធិគ្រិស្តសាសនា ពីចក្រភពប៊ីហ្សានទីន (ចក្រភពរ៉ូមខាងកើត) នៅគ.ស ៩៨៨ ដោយចាប់ផ្ដើមច្របាច់បញ្ចូលគ្នានៃវប្បធម៌ប៊ីហ្សានទីន និងស្លាវ ដែលបានផ្ដល់នូវវប្បធម៌រុស្ស៊ីសម្រាប់សហស្សវត្សក្រោយ។ នៅទីបញ្ចប់ Kievan Rus' បានបែកបាក់គ្នា ហើយទឹកដី ត្រូវបានបែងចែកទៅជារដ្ឋសក្ដិភូមិតូចៗជាច្រើន។ អ្នកស្នងមរតកខ្លាំងពូកែជាងគេរបស់ Kievan Rus' គឺមូស្គូ ដែលបានដើរតួដ៏សំខាន់ ក្នុងដំណើរការបង្រួបបង្រួមប្រទេសរុស្ស៊ី និងការតស៊ូដណ្ដើមឯករាជ្យពីចក្រភពហតមាស (Golden Horde) ។ បន្តិចម្ដងៗ មូស្គូបានធ្វើការបង្រួបបង្រួមជុំវិញក្សត្របូរីរុស្ស៊ីទាំងឡាយ ឱ្យស្ថិតនៅក្រោមឥទ្ធិពលនៃវប្បធម៌ និងមរតកនយោបាយរបស់ Kievan Rus' ឡើងវិញ។ នាសតវត្សទី១៨ ប្រជាជាតិនេះ បានធំធាត់ឡើងដ៏មហស្ចារ្យ តាមរយៈការច្បាំងឈ្នះ ការរួបរួមជាមួយប្រជាជាតិដទៃ និងការរុករកដីថ្មី ដើម្បីបង្កើតចក្រភពរុស្ស៊ី ដែលជាចក្រភពធំជាងគេទី៣ ក្នុងប្រវត្តិសាស្ត្រ ដោយលាតសន្ធឹងចាប់ពីប៉ូឡូញ ឆ្ពោះទៅទិសខាងកើតរហូតដល់មហាសមុទ្រប៉ាស៊ីហ្វិក និងអាឡាស្កា។
រុស្ស៊ី បានផ្សព្វផ្សាយអំណាច និងឥទ្ធិពល ចាប់តាំងពីសម័យចក្រភពរុស្ស៊ី រហូតដល់កម្រិតកំពូល និងជាអ្នកដឹកនាំដ៏សំខាន់នៃសហភាពសូវៀត ដែលជារដ្ឋសង្គមនិយមដំបូងគេ និងធំជាងគេបំផុតលើពិភពលោក ហើយត្រូវបានទទួលស្គាល់ថាជាកំពូលមហាអំណាច (Superpower) ។ ប្រជាជាតិនេះ មានអំនួតតាមរយៈប្រពៃណី និងឧត្ដមភាព រាល់គ្រប់ទិដ្ឋភាពទាំងអស់ នៃសិល្បៈ និងវិទ្យាសាស្ត្រ។ សហព័ន្ធរុស្ស៊ី ត្រូវបានបង្កើតឡើង ក្រោយការរលំរលាយនៃសហភាពសូវៀត នៅឆ្នាំ ១៩៩១ ប៉ុន្តែ ត្រូវបានទទួលស្គាល់ថាជាអ្នកស្នងមរតកស្របច្បាប់នៃសហភាពសូវៀត សូម្បីយ៉ាងណាក៏ដោយក៏ជារដ្ឋមួយខ្សោយជាងមុនដែរ។ ប្រទេសនេះ ជាមហាអំណាចធំជាងគេទី៨ គិតតាមផលទុនជាតិសរុប (GDP) ទី៦ គិតតាមអំណាចទិញ (PPP) ទី៨ ផ្នែកថវិកាចំណាយយោធា (military budget) ។ រុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រាំ ដែលត្រូវបានគេទទួលស្គាល់ថាជាមហាអំណាចនុយក្លេអ៊ែរ ហើយបានរក្សាទុកអាវុធប្រភេទនេះច្រើនជាងលើពិភពលោក។ ក្រៅពីនេះ រុស្ស៊ី ក៏ជាជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាសមាជិកនៃប្រទេសឧស្សាហកម្មលូតលាស់ទាំង៨ (G8) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC), អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងសមាជិកនាំមុខនៃ Commonwealth of Independent States ។

Comments
Post a Comment