១. ដង់ស៊ីតេ និងលទ្ធភាពបង្កកំណើតនៃប្រជាជនកម្ពុជា
ប្រជាសាស្រ្ត គឺជាវិទ្យាសាស្រ្ត ដែលសិក្សាអំពីទម្រង់ និងបម្រែបម្រួលនៃប្រជាជន។ ទម្រង់ប្រជាសាស្រ្តនៅប្រទេស កម្ពុជារួមមាន ៖
- ដង់ស៊ីតេប្រជាជន
- អត្រាភេទ
- ទម្រង់តាមភេទ និងតាមអាយុ
- ប្រជាជនទីប្រជុំជន
- ប្រជាជនជនបទ
- ប្រជាជនសកម្ម និងក្រុមទន់ខ្សោយ។
ដង់ស៊ីតេប្រជាជន គឺជាផលធៀបរវាងប្រជាជន និងផ្ទៃដី ដោយគិតនាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។ រូបមន្ត សម្រាប់ គណនាដង់ស៊ីតេប្រជាជន គឺ ៖
- D = ដង់ស៊ីតេ
- P = ប្រជាជនសរុប
- A = ផ្ទៃដីសរុប
យោងទៅតាមសណ្ឋានដី របាយប្រជាជន និងគំរោងអភិវឌ្ឍន៍នៅកម្ពុជា គេបែងចែកប្រទេសកម្ពុជាជា ៤ តំបន់ ដែល រួមមានដូចជា ៖
តំបន់វាលរាប ៖ តំបន់នេះមានខេត្តដូចជា ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តតាកែវ និងរាជធានីភ្នំពេញ។
តំបន់បឹងទន្លេសាប ៖ តំបន់នេះមានខេត្តដូចជា ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមាន ជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន។
តំបន់ឆ្នេរសមុទ្រ ៖ តំបន់នេះមានខេត្តដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
តំបន់ភ្នំ និងខ្ពង់រាប ៖ តំបន់នេះមានខេត្តដូចជា ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តព្រះ វិហារ និខេត្តកំពង់ស្ពឺ។
ក្នុងចំណោមតំបន់ទាំងនេះ មានតំបន់រាលរាប និងតំបន់បឹងទន្លេសាបមានប្រជាជនរស់នៅច្រើនជាងគេ ពីព្រោះ ៖
ដីសម្បូរជីជាតិ សម្រាប់ការដាំដុះ
សម្បូរផ្លូវទឹក សម្រាប់បាចបញ្ចូលស្រែ និងប្រើប្រាស់ផ្សេងៗ
សម្បូរត្រី សម្រាប់បរិភោគ
ងាយស្រួលធ្វើដំណើរ និងទំនាក់ទំនងគ្នា
ប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ទីផ្សារ
ប្រមូលផ្តុំទៅដោយសកម្មភាពសេដ្ឋកិច្ចដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ធនាគារ ហិរញ្ញវត្ថុ និងកសិកម្ម.....។
ជាទូទៅរបាយប្រជាជននៅប្រទេសកម្ពុជាមានរបាយមិនស្មើរគ្នាទេ គឺតំបន់វាល និងតំបន់បឹងទន្លេសាបមានប្រជាជនរស់នៅច្រើន តំបន់មាត់សមុទ្រមានប្រជាជនរស់នៅមធ្យម និងតំបន់ភ្នំ និងខ្ពង់រាបមានប្រជាជនរស់នៅតិច។ មានកត្តាសំខាន់ៗ ដែលជះឥទ្ធិពលលើរបាយប្រាជាជននៅប្រទេសកម្ពុជា។ កត្តាទាំងនេះ រួមមាន ៖
កត្តាធម្មជាតិ
- ដី
- សណ្ឋានដី
- អាកាសធាតុ
- ផ្លូវទឹក
កត្តាសង្គម និងសេដ្ឋកិច្ច
- កម្រិតអភិវឌ្ឍ
- សកម្មភាពសេដ្ឋកិច្ច
- ប្រវត្តិសាស្រ្ត។
អត្រាលទ្ធភាពបង្កកំណើត គឺជាចំនួនកូនមធ្យម ដែលស្រ្តីម្នាក់អាចបង្កើតបាននៅក្នុងតំណាក់កាលបន្តពូជ ចាប់ពី អាយុពី ១៥ ដល់ ៤៩ ឆ្នាំ។ បច្ចុប្បន្ននេះ អត្រាលទ្ធភាពបង្កកំណើតរបស់ប្រជាជនកម្ពុជាមាននិន្នាការធ្លាក់ចុះ។ ការធ្លាក់ចុះ នៃ អត្រាលទ្ធភាពបង្កកំណើតរបស់ប្រជាជនកម្ពុជានេះបណ្តាលមកពីមូលហេតុមួយចំនួនដូចជា ៖
ការរីកចម្រើនខាងវេជ្ជសាស្រ្ត
កំណើនចំណេះដឹងរបស់ប្រជាជនកម្ពុជា
កំណើនការយល់ដឹងនូវមធ្យោបាយពន្យាកំណើតរបស់ប្រជាជនកម្ពុជា
កំណើនការយល់ដឹងពីបញ្ហាសុខភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនកម្ពុជា
ការផ្សព្វផ្សាយនូវមធ្យាបាយពន្យាកំណើតបានទូលំទូលាយ
កំណើនការងាររបស់ស្ត្រីនៅកម្ពុជា
កំណើននូវការពន្យាពេលវេលារៀបអាពាហ៍ពិពាហ៍របស់ប្រាជាជនកម្ពុជា។
ជាទូទៅ អត្រាលទ្ធភាពបង្កកំណើតរបស់ស្រ្តីមានការប្រែប្រួលទៅតាមកត្តាមួយចំនួនដូចជា ៖
កត្តាលក្ខខណ្ឌភូមិសាស្រ្ត
កត្តាសេដ្ឋកិច្ច
កត្តាទំនៀមទំលាប់ប្រពៃណី
អត្រាកម្រិតវប្បធម៌របស់ស្រ្តី។
លទ្ធភាពបង្កកំណើតរបស់ស្រ្តី គឺជាកត្តាកំណត់នូវសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស ពីព្រោះថាប្រសិនបើប្រទេសមួយមាន សន្ទស្សន៍អភិវឌ្ឍន៍មនុស្សទាប នោះលទ្ធភាពបង្កកំណើតរបស់ស្រ្តីគឺមានកម្រិតខ្ពស់។ ផ្ទុយទៅវិញប្រសិនបើប្រទេសមួយមាន សន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់វិញ នោះលទ្ធភាពបង្កកំណើតរបស់ស្រ្តីរបស់ប្រទេសនោះទាបវិញ។
២. អត្រាភេទ ទម្រង់តាមភេទ និងទម្រង់តាមអាយុប្រជាជនកម្ពុជា
អត្រាភេទ គឺជាចំនួនបុរសភេទធៀបនឹងស្រ្តី ១០០ នាក់ ដែលមានសារៈសំខាន់ សម្រាប់រង្វាស់សមភាពភេទ។ នៅ ប្រទេសកម្ពុជាបច្ចុប្បន្ន ស្រ្តីភេទមានចំនួនច្រើនជាងបុរសភេទ ពីព្រោះ ៖
បុរសភាគច្រើនបានស្លាប់ក្នុងសម័យខ្មែរក្រហម
បុរសភាគច្រើនបានស្លាប់ក្នុងសម័យសង្រ្គាមស៊ីវិលចន្លោះឆ្នាំ ១៩៧៩ - ១៩៩៣
បុរសធ្វើការងារច្រើន និងធ្ងន់ជាងស្រ្តី
បុរសប្រឈមនឹងគ្រោះថ្នាក់ច្រើនជាងស្រ្តី (គ្រឿងស្រវឹង ជក់បារី ដើរលេងយប់)
ក្មេងប្រុសប្រឈមនឹងគ្រោះថ្នាក់ច្រើនជាងក្មេងស្រីតាំងពីកំណើតរហូតដល់អាយុ ៥ ឆ្នាំ
ប្រជាជនកម្ពុជាបានធ្លាក់ចុះនូវលទ្ធភាពបង្កកំណើតក្នុងសម័យខ្មែរក្រហម។
ជាទូទៅអត្រាភេទប្រែប្រួលទៅតាមកត្តា ឬស្ថានភាពមួយចំនួនដូចជា ៖
- កត្តាស្ថានភាពសង្គម
- កត្តាភូមិសាស្រ្ត
- កត្តាអាយុ
- កត្តាចលនាបំលាស់លំនៅ
ពីរ៉ាមីតប្រជាជន គឺជាក្រាប ដែលបង្ហាញពីបម្រែបម្រួលទម្រង់ប្រជាជនតាមភេទ និងតាមអាយុរបស់ប្រទេសមួយ។តាមពីរ៉ាមីតប្រជាជនកម្ពុជាឆ្នាំ ២០០៨ បានបង្ហាញថា ចាប់ពីថ្នាក់អាយុ ៣០ - ៤០ ឆ្នាំ មានលក្ខណៈផតចូល ដោយសារតែ ក្រុមអាយុនេះត្រូវបានស្លាប់ភាគច្រើនក្នុងសម័យខ្មែរក្រហម និងអត្រាលទ្ធភាពបង្កកំណើតនៅក្នុងសម័យនោះមានការធ្លាក់ចុះ ខ្លាំង។ ក្រុមអាយុនេះកើតឡើងនៅក្នុងអំឡុងឆ្នាំ ១៩៧៥ - ១៩៧៩ និងក្រុមនេះមានអាយុចាប់ពី ១ - ៥ ឆ្នាំ។
៣. ប្រជាជនសកម្ម
ប្រជាជនសកម្ម គឺជាប្រជាជនដែលប្រើកម្លាំងរបស់ខ្លួនក្នុងការបំពេញការងារប្រចាំថ្ងៃ ក្នុងវិស័យទាំងបី គឺកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ នៅកម្ពុជាប្រជាជនសកម្មត្រូវបានគេគិតចាប់ពីអាយុ ៧ ឆ្នាំ ដល់ ៦៤ ឆ្នាំ រីឯអន្តរជាតិវិញ ត្រូវបាន គេគិតចាប់ពីអាយុ ១៥ ឆ្នាំ ដល់ ៦៤ ឆ្នាំ។
អត្រាចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច គឺជាភាគរយនៃប្រជាជនសកម្មលើប្រជាជនសរុបចាប់ពីអាយុ ៧ ឆ្នាំ ដល់អាយុ ៦៤ ឆ្នាំ។ រវាងតំបន់ជនបទ និងតំបន់ទីប្រជុំជន ឬទីក្រុង គឺតំបន់ជនបទមានអត្រាចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច ច្រើនជាង ពីព្រោះ ៖
តំបន់ជនបទមានប្រជាជនយ៉ាងច្រើនបានចូលរួមក្នុងសកម្មភាពកសិកម្ម
តំបន់ជនបទមានអត្រាចូលរៀនទាប និងបោះបង់ការសិក្សាខ្ពស់។
៤. ក្រុមទន់ខ្សោយ
ក្រុមមនុស្ស ដែលត្រូវបានគេចាត់ទុកថាជាក្រុមទន់ខ្សោយ រួមមាន ៖
- ស្រ្តីមេម៉ាយ
- ជនពិការ
- ចាស់ជរា
- កុមារ
គេចាត់ទុកក្រុមមនុស្សប្រភេទនេះជាក្រុមទន់ខ្សោយ ដោយសារតែក្រុមមនុស្សប្រភេទនេះងាយទទួលរងនូវការរើស រអើងពីសង្គម និងពិបាកក្នុងការស្វែងរកការងារធ្វើ ជាពិសេសក្រុមនេះមានកម្លាំងទន់ខ្សោយ ក្នុងការបំពេញការងារប្រចាំថ្ងៃ។
Comments
Post a Comment