មេរៀនទី ២ បំលាស់លំនៅនៃប្រជាជនកម្ពុជា
បំលាស់លំនៅ គឺជាចលនាផ្លាស់ប្តូរទីកន្លែងរស់នៅរបស់មនុស្ស ដែលបានផ្លាស់ប្តូរចេញពីទីតាំងភូមិសាស្រ្តមួយទៅកាន់ទីតាំងភូមិសាស្រ្តមួយទៀត។ ជាទូទៅ គេចាត់ទុកចលនាបំលាស់លំនៅជាបាតុភូតសកល ពីព្រោះចលនានេះតែងតែកើត មានឡើងនៅគ្រប់ប្រទេសទាំងអស់ ទាំងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។
១. បំលាស់លំនៅនៅកម្ពុជា
ចលនាបំលាស់លំនៅធំៗនៅកម្ពុជាបានកើតមានឡើង នៅក្នុងបណ្តាឆ្នាំមួយចំនួនដូចជា ៖
+ចលនាបំលាស់លំនៅនៅមុនឆ្នាំ ១៩៧៥ (របបសាធារណៈរដ្ឋខ្មែរ)
+ចលនាបំលាស់លំនៅនៅចន្លោះឆ្នាំ ១៩៧៥ - ១៩៧៩ (របបកម្ពុជាប្រជាធិបតេយ្យ)
+ចលនាបំលាស់លំនៅនៅចន្លោះឆ្នាំ ១៩៧៩ - ១៩៩០ (របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា)
+ចលនាបំលាស់លំនៅនៅចន្លោះឆ្នាំ ១៩៩១ - ១៩៩៣ (របបរដ្ឋកម្ពុជា)
រដ្ឋប្រហារប្រហារទំលាក់ សម្តេចសីហនុ កើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ រដ្ឋប្រហារនេះដឹកនាំដោយ លោកសេនាប្រមុខ លន់ ណល់។ បន្ទាប់ពីរដ្ឋប្រហារនេះ មានចលនាបំលាស់លំនៅមួយបានកើតមានឡើងនៅប្រទេសកម្ពុជា គឺទាក់ទងនឹងការជន្លៀសប្រជាជនវៀតណាមចេញពីប្រទេសកម្ពុជាឲ្យទៅរស់នៅប្រទេសវៀតណាមវិញ។
ពួកខ្មែរក្រហមបានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជោគជ័យលើរបបសាធា រណៈរដ្ឋខ្មែរ។ បន្ទាប់ពីការឡើងកាន់អំណាចមានព្រឹត្តិការណ៍មួយទៀតបានកើតមានឡើងនៅកម្ពុជា គឺចលនាបំលាស់លំនៅ ដែលទាក់ទងនឹងការជន្លៀសប្រជាជនកម្ពុជាដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជនឲ្យទៅរស់នៅក្នុងតំបន់ជនបទ។
របបខ្មែរក្រហមបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ មានចលនាបំលាស់លំនៅមួយទៀតបានកើតមានឡើង។ ចលនាបំលាស់លំនៅនេះបានកើតឡើងដោយសារមូលហេតុមួយចំនួនដូចជា ៖
ប្រទេសថៃបានបើកច្រកព្រំដែនរបស់ខ្លួនឡើងវិញ
ប្រជាជនកម្ពុជាមានការភ័យខ្លាចរបបខ្មែរក្រហមកើតឡើងវិញម្តងទៀត
ប្រជាជនកម្ពុជាមានវិបត្តិចំណីអាហារ និងគ្រោះធម្មជាតិផ្សេងៗ
មានសង្រ្គាមស៊ីវិលរវាងរវាងភាគីខ្មែរក្រហម និងរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជានៅតាមព្រំដែន។
ចលនាមាតុភូមិនិវត្តន៍របស់ប្រជាជនកម្ពុជាធ្វើឡើងនៅខែមីនា ឆ្នាំ១៩៩២ មុនការបោះឆ្នោតជាសកលនៅកម្ពុជា។ ចលនានេះបានរៀបចំឡើង ដោយអង្គការសហប្រជាជាតិ បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅប៉ារីសរវាងភាគីជម្លោះទាំងឡាយនៅកម្ពុជា។ បន្ទាប់ពីការធ្វើមាតុភូមិនិវត្តន៍មក គេបានអនុវត្តន៍គោលនយោបាយ សម្រាប់ជនភៀសខ្លួនទាំងនេះដូច ជា ៖
ផ្តល់ដី សម្រាប់រស់នៅ និងធ្វើកសិកម្ម
ផ្តល់ថវិកា សម្រាប់ទ្រទ្រង់ជីវភាពរស់នៅ
២. បំលាស់លំនៅក្នុងស្រុក
ចលនាបំលាស់លំនៅក្នុងស្រុកនៅប្រទេសកម្ពុជាបានកើតឡើងសំខាន់ៗនៅក្នុងបណ្តាឆ្នាំមួយចំនួនដូចជា ៖
ចលនាបំលាស់លំនៅនៅបណ្តាឆ្នាំ១៩៧០ ៖ ទាក់ទងនឹងការធ្វើចំណោលស្រុកស្រែរបស់ប្រជាជនមករកការងារធ្វើនៅទីក្រុងភ្នំពេញ និងទីប្រជុំជននានា និងការគេចពីសង្រ្គាមស៊ីវិល។
ចលនាបំលាស់លំនៅនៅបណ្តាឆ្នាំ១៩៧៩ - ១៩៨៩ ៖ ទាក់ទងនឹងការធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតវិញរបស់ប្រជាជនកម្ពុជា និងការស្វែងរកគ្រួសាររបស់ខ្លួនបន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ។
ចលនាបំលាស់លំនៅនៅបណ្តាឆ្នាំ ១៩៩០ ៖ ទាក់ទងនឹងការរត់ភៀសខ្លួនចេញពីក្នុងប្រទេសរបស់ប្រជាជនកម្ពុជាទៅរស់នៅតាមព្រំដែនកម្ពុជា-ថៃ ដោយសារតែសង្រ្គាមស៊ីវិល បន្ទាប់ពីកងទ័ពវៀតណាមបានដកចេញ។
បំលាស់លំនៅក្នុងបរិបទបច្ចុប្បន្ន ៖ ទាក់ទងនឹងបំលាស់លំនៅរបស់ប្រជាជនកម្ពុជាពីតំបន់មួយទៅតំបន់មួយ ក្នុងគោលដៅច្រើនយ៉ាង។
ចលនាបំលាស់លំនៅនៅកម្ពុជានៅដើមឆ្នាំ១៩៧០ និងដើមឆ្នាំ១៩៧៥ គឺមានលក្ខណៈខុសគ្នា ដោយចលនាបំលាស់លំនៅនៅដើមឆ្នាំ១៩៧០ ទាក់ទងនឹងការធ្វើចំណោលស្រុកស្រែ ដើម្បីមករកការងារធ្វើនៅឯទីក្រុងភ្នំពេញ និងទីប្រជុំជននានា រីឯចលនាបំលាស់លំនៅនៅដើមឆ្នាំ១៩៧៥ គឺទាក់ទង់នឹងការជន្លៀសប្រជាជនកម្ពុជាដោយបង្ខំរបស់ពួកខ្មែរក្រហមឲ្យចាកចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានាទៅរស់នៅតំបន់ជនបទ។
បច្ចុប្បន្ននេះ ចលនាបំលាស់លំនៅនៅកម្ពុជាមានរូបភាព ៤ គឺ ៖
- បំលាស់លំនៅពីជនបទទៅជនបទ
- បំលាស់លំនៅពីជនបទទៅទីក្រុង
- បំលាស់លំនៅពីទីក្រុងទៅទីក្រុង
- បំលាស់លំនៅពីទីក្រុងទៅជនបទ
ក្នុងចំណោមរូបភាពទាំង ៤ នេះ រូបភាពដែលមានទំហំធំជាងគេ គឺបំលាស់លំនៅពីជនបទទៅជនបទ ពីព្រោះនៅ ប្រទេសកម្ពុជាប្រជាជនភាគច្រើនជាកសិករ ដែលមានជីវភាពក្រីក្រ ដូច្នេះពួកគេតែងតែធ្វើការផ្លាស់ប្តូរទីលំនៅ ដើម្បីស្វែងរកទីកន្លែងសមស្រប ដើម្បីប្រកបរបរចិញ្ចឹមជីវិត។
បច្ចុប្បន្ននេះ ចលនាបំលាស់លំនៅនៅប្រទេសកម្ពុជាបានកើតមានឡើងទាំងបំលាស់លំនៅនៅក្នុងស្រុក និងនៅ ក្រៅស្រុក។ មូលហេតុដែលនាំឲ្យមានចលនាបំលាស់លំនៅទាំងក្នុងស្រុក និងក្រៅស្រុកនេះកើតឡើង គឺបណ្តាលមកពី ៖
- ផ្លាស់ប្តូរទីកន្លែងធ្វើការ
- ស្វែងរកការងារធ្វើ
- បន្តការសិក្សា
- រៀបអាពាហ៍ពិពាហ៍
- គ្រួសារផ្លាស់ប្តូរទីលំនៅ
- ការធ្វើមាតុភូមិនិវត្តន៍
- គ្រោះធម្មជាតិផ្សេងៗ
- បញ្ហាអសន្តិសុខ
- កូនកំព្រា
- បាត់បង់ដីធ្លី និងផ្ទះសំបែង។
Comments
Post a Comment